ប្រពៃណីជាតិ៖ តើត្រូវចងដៃកូនកំលោះកូនក្រមុំដោយអម្បោះពណ៌អ្វី? ទំនៀមទំលាប់ប្រពៃណីខ្មែរនៅក្នុងអាពាហ៍ពិពាហ៍ការចងដៃគឺជាកិច្ចចុងក្រោយបង្អស់នៃពិធីមង្គលការ។ ប្រជាពលរដ្ឋ ខ្មែរគ្រប់រូបទាំងចាស់ទាំងក្មេង ទីក្រុងក៏ដូចជាជនបទដែរ តែងយល់ដឹងគ្រប់ៗគ្នាអំពីការចងដៃកូនកំលោះកូនក្រមុំ នោះ គ្រាន់តែខ្លះយល់អត្ថន័យ ខ្លះមិនយល់ពីអត្ថន័យតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះពិធីអាពាហ៍ពិពាហ៍ខ្មែរហាក់ដូចជា មានភាពខុសគ្នាខ្លះរវាងប្រជាពលរដ្ឋនៅតាមជនបទ និង នៅតាមទីក្រុងអាស្រ័យលើពេលវេលា។
១. អាពាហ៍ពិពាហ៍នៅតាមជនបទស្រែចំការ ច្រើនប្រព្រឹត្តទៅ៣ថ្ងៃឧទាហរណ៍៖+ ថ្ងៃទី១៖ ថ្ងៃអង្គារ វេលាម៉ោង៥ល្ងាច ជាថ្ងៃចូលរោងពេលនោះអាចារ្យធ្វើពិធីសែនក្រុងពលី សុំម្ចាស់ទឹកម្ចាស់ដី ហើយនិមន្តព្រះសង្ឃចំរើនព្រះបរិត្តយកសិរីសួស្តីដល់កូនកំលោះនិងកូនក្រមុំ។
+ ថ្ងៃទី២៖ ថ្ងៃពុធ វេលាម៉ោង៧ព្រឹក ហែរជំនូនឡើងគាល់មេបា ម៉ោង១ ឬ ម៉ោង២ កាត់សក់ ចំរើនកេសាកូនប្រុស-កូនស្រី លុះដល់ម៉ោង៧យប់ ចងដៃកូនស្រី ម៉ោង៧និង២០នាទី ចងដៃ កូនប្រុស ម៉ោង១០ និង ម៉ោង១១ ជុំវេលា ជៀវខាន់ស្លា ធ្វើធ្មេញបំពេញសក្សណ៍។
+ ថ្ងៃទី៣៖ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង៥ ឬ ម៉ោង៥និង៣០នាទី ឬ ម៉ោង៥ព្រឹក ចងដៃកូន កំលោះ និង កូនក្រមុំ រួមទាំងពីរនាក់ផ្ទឹមបង្ហើយ ទើបកូនកំលោះតោងជាយស្បៃតាមកូនក្រមុំ ទៅក្នុងផ្សំដំណេក។
២. អាពាហ៍ពិពាហ៍នៅទីក្រុង ច្រើនប្រព្រឹត្តទៅ១យប់១ព្រឹក ឬ ភាគច្រើនតែ១ព្រឹកប៉ុណ្ណោះឧទាហរណ៍១៖+ ការរៀបអាពាហ៍ពិពាហ៍ ១យប់១ព្រឹក ថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍៖
- ថ្ងៃពុធវេលាម៉ោង៣ សែនក្រុងពលី សុំម្ចាស់ទឹកម្ចាស់ដី ម៉ោង៥ ចំរើនព្រះបរិត្ត ម៉ោង៦ ជុំវេលា ជៀវខាន់ស្លា ធ្វើធ្មេញបំពេញលក្សណ៍។
- ថ្ងៃព្រហស្បតិ៍វេលាម៉ោង៧ ហែរជំនូនឡើងគាល់លោកមេបា ម៉ោង៩ កាត់សក់ ម៉ោង១១ទៅ ម៉ោង១២ សំពះ ផ្ទឹមចងដៃបង្ហើយ។
ឧទាហរណ៍២៖+ ការរៀបអាពាហ៍ពិពាហ៍តែ ១ព្រឹក ថ្ងៃពុធ វេលាម៉ោង៧ព្រឹក ហែរជំនូនឡើងគាល់លោកមេ បា ម៉ោង៩ កាត់សក់ ម៉ោង១១ទៅម៉ោង១២ សំពះផ្ទឹមចងដៃបង្ហើយ។ សកម្មភាពអាពាហ៍ពិពាហ៍ដូចរៀបរាប់មកដោយសង្ខបខាងលើនេះ បានបញ្ជាក់ឲ្យយើងឃើញជាច្រើននូវបែបបទនៃការចងដៃកូនកំលោះនិងកូនក្រមុំក្នុងពិធីមង្គលការខ្មែរ។
សំនួរ៖ តើពិធីចងដៃមានអត្ថន័យយ៉ាងណាខ្លះ ចំពោះជីវិតអាពាហ៍ពិពាហ៍ ទើបបុព្វាចារ្យខ្មែរ លោកនាំធ្វើដោយ ចាំបាច់បំផុតយ៉ាងនេះ?
ចំលើយ៖ ដូចពាក្យចាស់លោកបានពោលទុកមកថា មន្តអាគនម៍ផ្សំនិងឧវកិច្ច ឯពិធីមង្គលការ ខ្មែរច្រើនប្រើសភាវគតិ ដោយឧបមាវិធីជាច្រើនអន្លើ។ អម្បោះគឺជាវត្ថុតូចឆ្មារ ហើយផុយបំផុត បើយើងពិនិត្យមើលទៅលើរូបភាពជាក់ស្តែង របស់វាក៏ពិតមែនហើយ ប៉ុន្តែបុព្វាចារ្យខ្មែរបានយកអម្បោះគួបផ្សំនិងម្លូរស្លា មេបាចាស់ទុំគឺមាតាបិតាដែលមានជីវិត រស់នៅសព្វថ្ងៃនិងជីដូន ជីតា ញាតិការទាំង៧សន្តានដែលបានស្លាប់បាត់បង់ជីវិតទៅកាន់លោកខាងមុខហើយ មក ធ្វើជាចំណងអនុស្សាវរីយ៍ដ៏ជាប់បំផុតសម្រាប់ចងមនោសញ្ចេតនាកូនកំលោះនិងកូនក្រមុំទាំងពីរ ឲ្យនៅជាប់ជាមួយ គ្នាដ៏រាបអស់មួយជីវិតរៀងទៅ។
លក្ខណៈអម្បោះចងដៃ៖បច្ចុប្បន្ននេះនៅទីក្រុងភ្នំពេញក៏ដូចជានៅតាមខេត្ត-ក្រុងនានាភាគច្រើន គេនិយមយកអម្បោះ
ពណ៌ក្រហមមកចងដៃ កូនកំលោះនិងកូនក្រមុំអស់ទៅហើយ ទាំងលោកអាចារ្យទៀតក៏មិន បានគិតដល់បញ្ហានេះដែរ។ យើងដឹងហើយថា វប្បធម៌ប្រពៃណីទំនៀមទំលាប់គឺជាអត្តសញ្ញាណដ៏សំខាន់របស់ជាតិសាសន៍នីមួយៗ គឺជាព្រលឹងរបស់ជាតិរហូត ដល់មានពាក្យស្លោកពោលថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន ក៏មានន័យស្មើគ្នា នឹងពាក្យ ថា ប្រពៃណីរលត់ជាតិរលាយ ប្រពៃណីពណ្ណរាយ ជាតិថ្កើងថ្កាន។ ន័យនេះខ្ញុំចង់ និយាយអំពីពណ៌សអម្បោះចងដៃ។ ខ្មែរយើងពីបុរាណ លោកប្រើអម្បោះពណ៌សដូចមាន ឃ្លាសម្អាងនៅក្នុងក្បួនអាពាហ៍ពិពាហ៍របស់អ្នកឧកញ៉ាមហា វិនិច្ឆ័យនៅ ក៏ដូចអ្នកឧកញ៉ាមហា មន្រ្តីញ៉ិក នូវទំព័រទី១៩៣ បន្ទាត់ទី៦ ថា អម្បោះស សមគួរគាប់ឧត្តម ដូចល្អស សុវណ្ណា កកាន់ លើកឡើង ថ្កល់ថ្កើងថ្លៃថ្លា ចូរចងហត្ថាឲ្យអ្នកសុខសាន្ត។ល។
ឆ្លងតាមរយៈឃ្លាសម្អាងដូចបានពោលខាងលើនេះ យើងឃើញថា បុរាណលោកយកអម្បោះពណ៌សមកចងដៃកូន កំលោះនិងកូនក្រមុំ ដើម្បីសុំសិរីសួស្តីជ័យមង្គល។
ការវិភាគទៅលើពណ៌អម្បោះ៖ពាក្យថា ពណ៌អម្បោះ ពាក្យនេះជាវិសេលនបុព្វបទកម្មធារយសមាសមានពីរបទគឺ ពណ៌១ បទ និង អម្បោះ១បទ។ អម្បោះគឺជាបទនាម ឯពណ៌គឺជាបទគុណ។ ពាក្យទាំងពីរនេះសូម លើកយកតែពណ៌មួយមកបកស្រាយដូចតទៅ៖
ពណ៌គឺជាពាក្យសំស្រ្កឹត មកពីពាក្យបាលីថា វណ្ណៈ លោកផ្លាស់អក្សរ វ ខាងដើមទៅជា ព ឯ ណ្ណៈ ផ្លាស់ជា ណ៌ តាមក្បួនព្យញ្ជនាទេសៈ។ វណ្ណៈ ឬ ពណ៌ នេះ ប្រែថា សម្បុរ ពន្លឺ រស្មី ភេទ ថ្នាក់ វង្សពូជ ពូជវង្ស របស់មនុស្ស។ តាមលទ្ធិព្រាហ្មណ៍ គេចែកពូជរបស់មនុស្សជា៤ ថ្នាក់ទី១ ព្រាហ្មណៈថា ដើមកំណើតដំបូងបំផុតកើតអំពីព្រះឱស្ន ព្រះព្រហ្ម ព្រហ្មតម្រូវឲ្យជាម្ចាស់ សាសនា មានមុខការខាងបង្រៀនតែប្រៀនប្រដៅវេទមន្តវិជ្ជាផ្សេងៗ មានបញ្ញត្តិឲ្យស្លៀក ដណ្តប់សំពត់ពណ៌ស ទី២ ខន្តិយ ឬ ក្សត្រិយ កើតអំពីព្រះពាហា (ដៃ) របស់ព្រាហ្ម មានមុខងារខាងគ្រប់គ្រងរក្សាប្រទេសមានបញ្ញត្តិឲ្យប្រើសំពត់
ពណ៌ក្រហម ថៃស្យៈ ឬ វេស្ស កើតអំពីព្រះពុទ្ធឧរុរបស់ព្រហ្មទណ្ឌ មានមុខងារខាងធ្វើកិច្ចការខ្ពង់ខ្ពស់ចុះរងអំពីខកិត្តិយស មក ឬ កិច្ចការធម្មតា មានបញ្ញត្តិឲ្យស្លៀកដណ្តប់សំពត់
ពណ៌ខៀវ លឿង សូត្រ ឬ សុទ្ទៈ កើតអំពីព្រះបាទរបស់ព្រហ្ម មានមុខងារខាងស៊ីឈ្នួល ឬការថយថោកផ្សេងៗមានបញ្ញត្តិឲ្យ ស្លៀកដណ្តប់សំពត់ពណ៌ខ្មៅ។
ដោយហេតុនេះទើបហៅពួករបស់មនុស្សទាំង៤ថ្នាក់នេះថា វណ្ណៈ ឬ ពណ៌ ដោយសំដៅពណ៌ សំពត់ដណ្ណប់នេះឯង លុះចំណេរកាលខាងថ្នាក់វង្សពូជ ពូជវង្សតរៀងមក។
រឿងពណ៌ទាំង៤នេះ សូមលើកយកតែពណ៌ពីរមកនិយាយ គឺ
ពណ៌ក្រហម និងពណ៌ស។
១.
ពណ៌ក្រហម ជាពណ៌ម្យ៉ាងដែលបញ្ជាក់អំពីភាពអង់អាចក្លាហាន មោះមុតដាច់ខាតឥតរាថយ មានគុណ២យ៉ាងគឺ៖ គុណសម្បត្តិ និង គុណវិបត្តិ។
អធិប្បាយ៖ក. គុណសម្បត្តិ៖
ជាពណ៌ដែលស្ថិតនៅក្នុងត្រកូលអ្នកគ្រប់គ្រងប្រទេសដាច់ខាត មោះមុត អង់អាច ក្លាហាន ឧត្តមភេទ ភេទ អ្នកបួស ប្រសើរថ្លៃថ្លា លះបង់ខ្ពស់ ទង់ជ័យ ព្រះអរហត្ថ។ល។
ខ. គុណវិបត្តិ៖
ពណ៌ក្រហម តំណាងអោយឈាមដែលហូរចេញពីខ្លួន នៅក្នុងធម៌ព្រះអភិធម្ម លោកសំដែងអំពី
ពណ៌ក្រហមដែលធ្វើឲ្យទឹកចិត្តប្រែប្រួល បាត់ភាពថ្លាបរិសុទ្ធ សេចក្តីថា នៅក្នុងខ្លួនយើងមានទឹកមួយទូកដៃសម្រាប់រក្សាចិត្តដែលអាស្រ័យនៅក្នុងបេះដូង។ ទឹកនោម មានលក្ខណៈថ្លាល្អបរិសុទ្ធណាស់ ដ៏រាបណាមិនមានអារម្មណ៍ដ៏សៅហ្មងចូលទៅពីខាងក្រៅ ទេ។ ប៉ុន្តែបើភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និង ចិត្តខ្លួនឯងនាំអារម្មណ៍ដែលជាលោភៈ ទោសៈ មោហៈ អកុសល ពីក្រៅចូលទៅក្នុងនោះ ធ្វើឲ្យទឹកបរិសុទ្ធមួយទូកដៃ លាយទៅជាក្រហមបាន ហើយស្តែងចេញមកវិញតាមសរសៃរសព្វសាព៌ាង្គកាយ ពិសេសគឺសណ្ឋានមុខ និង ច្រមុះរបស់យើងឡើងឈាមក្រហម ដែលធ្វើឲ្យកើតទៅជាជម្លោះទាស់ទែងកាប់សម្លាប់គ្នាឡើងដ៏សាហាវឃោរឃៅបំផុត។ ដូច្នេះហើយទើបជនជាតិខ្លះនៅក្នុងលោកមានចិន យួន ជាដើម គេយក
ពណ៌ក្រហមធ្វើជាគ្រឿងសក្ការៈគោរពបូជារបស់គេដូចជាអាទិ៍ ក្រដាសកុងម៉ា ដែលបិទភ្ជាប់ទៅនឹងក្តារហឹងជាភស្តុតាងស្រាប់។ ដើម្បីបញ្ជាក់ឲ្យឃើញលទ្ធផលកាន់តែ ច្បាស់ក្នុងរបបខ្មែរក្រហម គេកំណត់យកទង់ជាតិ
ពណ៌ក្រហមដែលជានិមិត្តរូបនៃលទ្ធផល ផ្តាច់ការ និមិត្តរូបនៃឈាម ភាពអង់អាចក្លាហាន កាប់សម្លាប់ កាចសាហាវ ឃោរឃៅ ហិង្សារ សង្រ្គាម រហូតដល់មានចម្រៀង គេច្រៀងទុកជាភស្តុតាងថា បទទី១-ទង់ក្រហមបក់ឡើងរវិច ប្តេជ្ញាកំទេចរដ្ឋអំណាចជិះជាន់។ល។ បទទី២-ឈាមក្រហមច្រាលស្រោចស្រពក្រុងកម្ពុជា មាតុភូមិ។ល។ បទទី៣-ឈាមក្រហមឆ្អៅក្រាលនៅលើប្រថពី ឈាមដែលពលីរំដោះអស់ ប្រជាជន ឈាមកម្មករ-កសិករ បញ្ញាជន ឈាមយុវជន ព្រះសង្ឃហើយនិងនារី ឈាមកួច អណ្ណែតត្រសែតលើមេឃា ប្រែក្លាយជាទង់ក្រហម បដិវត្តន៍។ល។ ប៉ុណ្ណោះជាដើម បញ្ជាក់ថា
ពណ៌ក្រហមមានគុណសម្បត្តិ និង គុណវិបត្តិដូច្នេះឯង។
២. ពណ៌ស ជាពណ៌ម៉្យាងដែលបញ្ជាក់ពីភាពស្អាតស្អំ មានសច្ចៈធម៌ យុត្តិធម៌ សង្គហៈធម៌ ជួយសង្រ្គោះដល់អ្នកដទៃដែលកំពុងមានសេចក្តីទុក្ខលំបាក មានសន្តិភាព មានខន្តី សេចក្តី អត់ធន់ សោរច្ចៈ សេចក្តីស្ងប់ស្ងៀម មានគុណ២យ៉ាងដែរគឺ៖
អធិប្បាយ៖ក. គុណសម្បត្តិ៖ ជាពណ៌តំណាងឲ្យការជួយសង្រ្គោះដូចជាព្រះមុនីឥសី ស្លៀកស ពាក់ស ជួយ ប្រស់សត្វឲ្យរស់រានមានជីវិតឡើងវិញ។ គ្រូពេទ្យស្លៀកស ពាក់ស ជួយសង្រ្គោះមនុស្សជាជំងឺឲ្យជាសះស្បើយឡើងវិញ។ លោកអាចារ្យ តាជី ដូនជី សីលវត្ត សីលវត្តី ស្លៀកស ពាក់ស ដើម្បីរក្សាសីលចម្រើន សមាជិកកម្មដ្ឋាន និង វិបស្សនាកម្មដ្ឋាន លះបង់នូវកាយទុច្ច រិត វចីទុច្ចរិត សាងសន្សំនូវកុសលឲ្យកើតចម្រើនរុងរឿងឡើង។ ម៉្យាងទៀត ពណ៌ស តំណាង ឲ្យធម៌របស់ទេព្តា ដូចមាន ពុទ្ធភាសិតដែល ព្រះពុទ្ធទ្រង់សំដែងទុកមកថា ហិរិឱត្តប្បសម្បន្នា សុក្កធម្មសមា ហិតាសន្តោ សប្បវិសាលោកា ទេវធម្មាតិ វុច្ចរេ។
ប្រែថា៖
ពួកសប្បុរសមានសន្តានស្ងប់ បរិបូណ៍ដោយហិរិនិងឱត្តប្បៈ មានស្មារតីតម្កល់មាំ បណ្ឌិតទាំង ឡាយហៅថា ទេវធម៌ ក្នុងលោក។ ហិរិនិងឱត្តប្បៈទាំងពីរនេះជាលោកបាលធំ ធម៌ជួយរក្សាសត្វលោក និងពិភពលោក ឲ្យគង់វង់ មិនឲ្យវិនាសអន្តរាយទៅ។ ហិរិ គឺសេចក្តីខ្មាស់អំពើអាក្រក់ (ខ្មាសបាប) ឱត្តប្ប គឺសេចក្តីខ្លាច អំពើអាក្រក់ (ខ្មាសបាប) ធម៌ទាំងពីរនេះជាជន្ទល់ សម្រាប់ទ្រសីលមិនឲ្យបាត់បង់ កាលបើ សីលធម៌មាននៅដរាបណា ហើយមនុស្សសត្វតែងបានសុខចម្រើនសន្តិភាពដរាបនោះឯង។ ម៉្យាងទៀតបើពិនិត្យទៅលើឆព្វណ្ណរង្សីទាំង៦ពណ៌របស់ព្រះពុទ្ធជាម្ចាស់វិញ
ពណ៌ក្រហមគឺជាពណ៌ដែលរំលឹកដល់ព្រះពោធិសត្វកាលទ្រង់កើតជាបទុមបណ្ឌិតមាននៅក្នុងចម្រៀងដាក់ទង់ ព្រះពុទ្ធសាសនា ដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះសង្ឍរាជួន ណាតថា៖
រស្មីក្រហមនោះណា កាលដែលមាតា ពស់ខាំស្លាប់ពិត បទុមស៊ូប្តូរជីវិត កាត់បេះដូងបិតធ្វើថ្នាំ មាតា។ ឯពណ៌សក៏រំលឹកដល់ព្រះពោធិសត្វកាលទ្រង់កើតជាព្រះវេស្សន្ត មានឃ្លាក្នុងចម្រៀង បទដាក់ទង់ ព្រះពុទ្ធសាសនាថា៖
រស្មីពណ៌សសុទ្ធសាធ កាលដែលព្រះបាទវេស្សន្តរក្សត្រា ឲ្យដំរីសសោភាដល់ព្រាហ្មណ៍ ប្រាថ្នាយកពោធិញ្ញាណ។ បើយើងពិនិត្យទៅលើពណ៌ក្រហមនិងពណ៌សដែលមាននៅក្នុង ឆព្វណ្ណរង្សីទាំង៦ ពណ៌របស់ព្រះពុទ្ធនោះ យើងអាចឃើញថា ពណ៌ទាំងពីរមានអត្ថន័យគួរឲ្យ យកបានដូចគ្នា។ ប៉ុន្តែបើយើងពិនិត្យទៅលើអត្តសញ្ញាណរបស់ជាតិវិញនោះ យើងឃើញថា ក្រហមជាពណ៌ដែលចិននិងយួនគេសន្មតថា ជាទីគោរពចំពោះកុងម៉ា របស់គេទៅហើយ ឯពណ៌ស គឺជាពណ៌ដែលខ្មែរធ្លាប់ប្រើអម្បោះចងដៃតាំងពីយូរលង់ណាស់មកហើយ និង ក្លាយទៅជាអត្តសញ្ញាណរបស់ជាតិយើងយ៉ាងពិតប្រាកដ។ មួយវិញទៀត តាមទស្សនៈ ខ្ញុំ បាទអ្នកសរសេរផ្ទាល់ចង់ជម្រាបថា បើកូនកំលោះនិងកូនក្រមុំជាប់ខ្សែចិនផងខ្មែរផងគួរណាស់តែចងដៃអម្បោះពីរប្រភេទគឺសផងក្រហមផង បើខ្មែរសុទ្ធគួរចងអម្បោះពណ៌សសុទ្ធ បើចិនសុទ្ធ យួនសុទ្ធ គួរចងអម្បោះក្រហមសុទ្ធ ធ្វើយ៉ាងនេះ គឺដើម្បីរក្សាអត្តសញ្ញាណរបស់ ជាតិរបស់យើងរៀងៗខ្លួន ប៉ុន្តែមិនគួរប្រកាន់ជាតិសាន៍នោះឡើយ។
យោងតាមការវិភាគខាងលើ អាចឲ្យយើងធ្វើសេចក្តីសន្និដ្ឋានបានថា ចងដៃអម្បោះពណ៌ក្រហមមានន័យត្រឹមតែគោរពចំពោះព្រះពុទ្ធសាសនាមួយប៉ុណ្ណោះ បាត់អត្តសញ្ញាណ របស់ជាតិ បើចងអម្បោះពណ៌ស គោរពព្រះពុទ្ធសាសនាផង គោរពអត្តសញ្ញាណរបស់ជាតិ ផង។ ដូចក្នុងសេចក្តីសន្និដ្ឋាន ខ្ញុំសូមអញ្ជើញអស់លោក អ្នកជាជនជាតិខ្មែរទាំងអស់ មេត្តា បែរមកចងដៃកូនប្រុស-កូនស្រីដោយអម្បោះពណ៌សវិញ ទើបឈ្មោះថាគោរពទៅតាមទំនៀម ទំលាប់ប្រពៃណីខ្មែរជួយថែរក្សានូវអត្តសញ្ញាណរបស់ជាតិយើងឲ្យបានគង់វង្ស និង ជាអ្នក មានកតញ្ញូតាចំពោះបុព្វបុរសខ្មែរ សមតាមសង្គហៈធម៌ទាំង៥យ៉ាង របស់កូនប្រុស-កូនស្រី ចំពោះអ្នកមានគុណគឺ៖
១. កូនប្រុស-កូនស្រី ត្រូវគិតថា មាតាបិតាបានចិញ្ចឹមអញតាំងពីតូចរហូតមកដល់ប៉ុណ្ណេះ ឥឡូវគាត់ចាស់ជរាហើយ អញត្រូវចិញ្ចឹមលោកវិញ។
២. កូនប្រុស-កូនស្រី ត្រូវគិតថា បើមាតាបិតាមានកិច្ចការធ្ងន់ អញត្រូវបញ្ឈប់កិច្ចការរបស់អញ សិន ហើយទៅជួយធ្វើកិច្ចការលោកវិញ។
៣. កូនប្រុស-កូនស្រី ត្រូវគិតថា អញត្រូវថែរក្សា ការពារវង្សត្រកូលរបស់ខ្លួនឲ្យបានគង់វង្ស មិនត្រូវនិយាយសំដីណាមួយ ឬ ធ្វើអាកប្បកិរិយាណាមួយដែលធ្វើឲ្យថោកទាប ដល់វង្សត្រកូលជាតិសាសន៍របស់ខ្លួនឡើយ។
៤. កូនប្រុស-កូនស្រី ត្រូវគិតថា អញត្រូវធ្វើខ្លួនឲ្យសមជាអ្នកទទួលកេរ្តិ៍មរតករបស់មាតាបិតា។
៥. លុះមាតាបិតាធ្វើមរណកាលទៅហើយ កូនប្រុស-កូនស្រី ត្រូវធ្វើបុណ្យឧទ្ទិសកុសលជូន លោកដោយសេចក្តីគោរព។
ដូច្នេះ ដើម្បីឲ្យសមជាត្រកូលកតញ្ញូ គួរប្រជាពលរដ្ឋខ្មែរទាំងអស់រក្សាវង្សត្រកូលរបស់ខ្មែរឲ្យ បានគង់វង្សតរៀងទៅ។
ខ. គុណវិបត្តិ៖ ជាពណ៌ដែលចុះចាញ់គេ បញ្ចប់ការតស៊ូ បញ្ចប់ពៀរវេរា។
ថ្ងៃច័ន្ទ ១១កើត ខែផល្គុន ឆ្នាំកុរ នព្វស័ក ព.ស ២៥៥១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨។
(អត្ថបទដកស្រង់ពី៖ ការសែតកោះសន្តិភាពដេលី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០០៨)
No comments:
Post a Comment